×

តំបន់​មួយចំនួន​នៅក្រុង​បាត់ដំបង បាន​រង​ការជន់លិច ដោយសារ​ទឹកភ្លៀង

បាត់ដំបង៖ ខណៈកម្ពុជា កំពុងរងនូវបាតុភូតអាកាសធាតុ វាបានបង្កឱ្យមានភ្លៀងធ្លាក់មួយមេធំ បានបង្កឱ្យមានការជន់លិចតំបន់ខ្លះនៅក្រុងបាត់ដំបង ខណៈផ្សារបឹងឈូក បានលិចទាំងស្រុង កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមទំព័រហ្វេសបុកឈ្មោះ បាត់ដំបង-Battambang បានឱ្យដឹងថា គិតត្រឹមម៉ោង២រសៀល ភ្លៀងបានបង្កឱ្យលិចលង់ស្ដុប២ធ្នូ ក្រុងបាត់ដំបង។ ចំណែកពលរដ្ឋម្នាក់ទៀត បានចែករំលែករូបភាពទឹកលិចនៅផ្សារបឹងឈូក ក្រុងបាត់ដំបង។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា នឹងទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។ បន្ទាប់ពីនោះ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។

ចំពោះការប្រែប្រួលនៃទិសខ្យល់នេះ នឹងធ្វើឱ្យបណ្តាខេត្តមួយចំនួនទទួលរងឥទ្ធិពល ដូចជានៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ។

តំបន់ទំនាបកណ្តាល ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន និងអាចមានភ្លៀង រន្ទះ ផ្សែងក្រូចជាច្រើន និងមានសីតុណ្ហភាពអប្បបរមាពី ២៤អង្សាសេ ទៅ ២៦អង្សាសេ និងអតិបរមាពី ៣២អង្សាសេ ទៅ ៣៤អង្សាសេ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង