×

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍៖ ដើម្បី​សម្រេច​ការបើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ ត្រូវពឹង​លើ​កត្តា​ចិត្តសាស្ត្រ និងការត្រៀមខ្លួន​របស់​អាជីវកម្ម​ទេសចរណ៍​តាម​គន្លងថ្មី

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យចាំបាច់ ពឹង ផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត និងការត្រៀមខ្លួនរបស់អាជីវ កម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

លោក ថោង ខុន បានថ្លែងបញ្ជាក់ដូចនេះជាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេស ចរណ៍រាជធានី-ខេត្តទាំង២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធ។

លោក ថោង ខុន បានថ្លែងដូចនេះថា៖ “ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ យើងចាំបាច់ពឹងផ្អែកលើកត្តាកំណត់សំខាន់២ មាន កត្តាខាងក្រៅ៖ សំដៅទៅលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តជាចម្បងរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរ កម្សាន្ត ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យ និងមានសុវត្ថិភាព។

កត្តាខាងក្នុង៖ សំដៅដល់ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មនៃវិស័យទេសចរណ៍ដែលមានចំណុចគន្លឹះអាទិភាព គឺត្រូវគិតពីដើមខ្សែ ដល់ចុងខ្សែ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ សម្បទាទេសចរណ៍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងការអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) រហូតដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង