×

គម្រោង​បើក​ទីក្រុង​បាងកក​ឡើងវិញ ត្រូវ​ពន្យារពេល​ដល់​ថ្ងៃទី១៥ ខែតុលា

បាងកក៖ មន្រ្តីទេសចរណ៍ថៃម្នាក់បានបញ្ជាក់ថា សំណើរបស់រាជរដ្ឋាភិបាល ក្នុងការបើកទីក្រុងបាងកកឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩គ្រប់ដូស នឹងត្រូវពន្យារពេលពីថ្ងៃទី១ ខែតុលា ទៅដល់ថ្ងៃទី១៥ ខែតុលាវិញ ដោយសារចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងទីក្រុងបាងកក មានចំនួនតិច។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា លោក Pipat Ratchakitprakarn បានប្រាប់អ្នកយកព័ត៌មានថា ការបើកឡើងវិញ អាចដំណើរការបានលុះត្រាតែប្រជាជន ៧០ ភាគរយនៃទីក្រុងបាងកកបានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ១៩។

លោក Pipat បាននិយាយថា គិតត្រឹមសប្តាហ៍នេះមានតែប្រជាជន ៣៧ ភាគរយប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩គ្រប់ដូស។ លោកបានបន្ថែមថា ការសម្រេចចិត្តពន្យារពេលបើកដំណើរការឡើងវិញ ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលក្រុងបាងកក។

ការពន្យារពេលនេះ គឺជាការខកខានចំពោះការសន្យារបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដែលថានឹងបើកដំណើរការទីក្រុងបាងកក និងខេត្តចំនួន ៤ ផ្សេងទៀតឡើងវិញ នៅថ្ងៃទី១ ខែតុលា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង