ភ្នំពេញ៖ តួឯកស្រីក្នុងរឿង “នគរមាស” កញ្ញា សាន្ត កុសុមៈ កាន់តែមានភាពមមាញឹកក្នុងវិស័យសិល្បៈខ្លាំងឡើង ដោយទោះបីជាទើបចាប់ផ្តើមប្រលូកក្នុងអាជីពនេះក៏ដោយ តែភាពជោគជ័យរបស់តារាស្រីវ័យក្មេងរូបនេះ កាន់តែមានភាពលេចធ្លោកាន់តែខ្លាំងឡើងជាលំដាប់។
កន្លងមក សាន្ត កុសុមៈ ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងការថតផ្សាយពាណិជ្ជកម្ម និងការដើរតួជាទេពធីតាមហាសង្រ្កាន្តឆ្នាំ២០២១ ផងដែរ។ រហូតមកទល់ពេលនេះ នាងក៏កំពុងធ្វើឱ្យទស្សនិកជនសរសើរមិនដាច់ពីមាត់លើសមត្ថភាពសម្តែងសាកសមឥតខ្ចោះក្នុងតួអង្គ អប្សរ កូនស្រីតែមួយគត់របស់ស្តេចត្រាញ់ក្នុងរឿង “នគរមាស”។
ដោយសារប្រជាប្រិយភាពរបស់នាងកាន់តែមានការគាំទ្រខ្លាំងឡើងបែបនេះហើយ ទើបតារាស្រីរូបនេះមានទីផ្សារសិល្បៈកាន់តែច្រើនឡើងរហូតត្រូវប្រកាសរកសាកលវិទ្យាសម្រាប់សិក្សាចុងសប្តាហ៍ទៀតផង។ នេះសបញ្ជាក់ឱ្យឃើញថា ដំណើរលើវិថីសិល្បៈមួយនេះបានហុចផលឱ្យយ៉ាងឆាប់រហ័ស ដោយអ្នកគាំទ្ររបស់នាងសង្ឃឹមថា អាចឃើញវត្តមាន កុសុមៈ ក្នុងរឿងភាគថ្មីៗជាបន្តបន្ទាប់ឆាប់ៗនេះ៕