គុយបា៖ ប្រទេសគុយបា កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញានេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយសម្រាប់កុមារដែលមានអាយុចន្លោះពី ២ឆ្នាំ ទៅ ១០ ឆ្នាំដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលធ្វើដូច្នេះ។
មន្រ្តីសុខាភិបាលគុយបា បាននិយាយថា វ៉ាក់សាំងដែលផលិតក្នុងស្រុក ត្រូវបានគេរកឃើញថា មានសុវត្ថិភាពក្នុងការផ្តល់ដល់កុមារតូចៗ។
នៅសប្តាហ៍មុន ការចាក់វ៉ាក់សាំងដែលផលិតនៅប្រទេសគុយបា សម្រាប់កុមារ និងយុវជនអាយុចន្លោះពី ១១ឆ្នាំ ទៅ ១៨ ឆ្នាំបានចាប់ផ្តើមចាក់ជូនផងដែរ។ យុទ្ធនាការនេះ រួមបញ្ចូលវ៉ាក់សាំងការពារកូវីដ១៩ឈ្មោះ Soberana 02 និងវ៉ាក់សាំង Soberana Plus ដែលផលិតក្នុងស្រុក។
ក្រៅពីវ៉ាក់សាំង Soberanas ប្រទេសគុយបា បានបង្កើតវ៉ាក់សាំងជាតិមួយទៀត ឈ្មោះ Abdala ។
គុយបា ប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលស្ទើរតែដួលរលំប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន។ ខេត្តមួយចំនួន បានទទួលការគាំទ្រពីវេជ្ជបណ្ឌិតមកពីផ្នែកផ្សេងៗនៃប្រទេសនេះ និងពីម្ចាស់ជំនួយអន្តរជាតិ។
យោងតាមក្រសួងសុខាភិបាលគុយបា ករណីវិជ្ជមាននៃជំងឺកូវីដ១៩ក្នុងប្រទេសនេះ មានចំនួន ៧៧៦.១២៥ ករណី ដោយមានអ្នកស្លាប់ចំនួន ៦.៦០១ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១៕