×

រដ្ឋបាល​ខេត្តរតនគិរី មិនអនុញ្ញាត​ឱ្យ​មាន​ការជួបជុំ​សាច់ញាតិ​ដែល​មាន​ការស្នាក់នៅ​គេហដ្ឋាន​ផ្សេងគ្នា អំឡុង​បុណ្យភ្ជុំបិណ្ឌ​ឡើយ

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានណែនាំដល់ប្រជាពលរដ្ឋ សូមមានការជួបជុំគ្រួសារនៅក្នុងផ្ទះ ឬ គេហដ្ឋានតែមួយ មិនត្រូវអញ្ជើញសាច់ញាតិដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីគ្នា ឬមិត្តភ័ក្តិជិតស្និទ្ធមកជួបជុំលេងល្បែងស៊ីសង ច្រៀងរាំ ឬ ការជួបជុំពិសាអាហារ និងសេពគ្រឿងស្រវឹងឡើយ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

រដ្ឋបាលខេត្តរតនគិរី ក៏បានណែនាំដល់គណៈកម្មការវត្តអារាមនានា ត្រូវបង្កើនការពិនិត្យតាមដានលើពុទ្ធបរិស័ទ ដែលចេញចូលទីវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិនីមួយៗឱ្យបានហ្មត់ចត់ ហើយត្រូវរៀបចំឱ្យមានកន្លែងលាងដៃ វាស់កម្ដៅ និងបាញ់ទឹកអាល់កុល ព្រមទាំងតម្រូវឱ្យពុទ្ធបរិស័ទទាំងអស់ ត្រូវរក្សាគន្លាតយ៉ាងតិច ១,៥ម៉ែត្រ ដើម្បីការពារជំងឺកូវីដ១៩។ សម្រាប់ព្រះសង្ឃ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាសគ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារាម សាលាឆាន់ កុដិ នីមួយៗ ការប្រគេន ឬការឈររង់ចាំប្រគេនចង្ហាន់ បច្ច័យ គ្រឿងឧបភោគ បរិភោគ ទេយ្យទានជាដើម។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ ការដាក់ចេញសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តរតនគិរី ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យដំណើរការទៅតាមទំនៀមទម្លាប់ និងប្រពៃណី ព្រមទាំងចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង