អាជ្ញាធរកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត និងតាមដងស្ទឹងមង្គលបូរី សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈ ស្ថានភាពទឹកចេះតែហក់ឡើង ដោយសារតែទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយសម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថាដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បណ្តាលអោយទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរអោយបារម្ភ។
កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ សូមអំពាវនាវដល់ពុកម៉ែបងប្អូនដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕