វៀតណាម៖ នាយកដ្ឋានគយ នៃច្រកព្រំដែនម៉ុងកៃ (Mong Cai) ប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃសៅរ៍ ថា រថយន្តដឹកទំនិញវៀតណាមជាង ២០០ គ្រឿង ដែលដឹកទំនិញសម្រាប់នាំចេញទៅកាន់ប្រទេសចិន ត្រូវបានជាប់គាំងនៅព្រំដែនចិន ដោយសារតែការរឹតត្បិតដើម្បីការពារការរីករាលដាលកូវីដ១៩។
ជាធម្មតា ស្ពានបណ្ដែតទឹកដែលជាច្រកនាំចេញទំនិញពីវៀតណាម ទៅប្រទេសចិន ត្រូវបានបើកឱ្យរថយន្តដឹកទំនិញប្រមាណ ៨០ គ្រឿងឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែមានតែ ២០-៣០ គ្រឿងប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
តំណាងនាយកដ្ឋានម្នាក់ បាននិយាយថា ប្រទេសចិនកំពុងរឹតបន្តឹងនីតិវិធីត្រួតពិនិត្យយានយន្ត ដែលដឹកទំនិញពីវៀតណាម ដើម្បីជាវិធានការការពារការឆ្លងមេរោគកូវីដ១៩ ដែលបង្កឱ្យការនាំចេញទំនិញរបស់វៀតណាម រងផលប៉ះពាល់យ៉ាងខ្លាំង។
ជាលទ្ធផល រថយន្តជាង ២០០ គ្រឿងដែលដឹកកសិផល និងអាហារសមុទ្រពីវៀតណាម មិនអាចឆ្លងកាត់ស្ពានបណ្តែតទឹកបានទេ។
ប្រទេសចិន ដែលជាទីផ្សារនាំចេញធំទី២ របស់វៀតណាមបន្ទាប់ពីសហរដ្ឋអាមេរិក បានរឹតបន្តឹងការនាំចូលផលិតផលវៀតណាម ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែប្រទេសវៀតណាម កំពុងប្រឈមនឹងរលកទី៤ នៃមេរោគកូវីដ១៩។
ចិនបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលវៀតណាមជាច្រើនដង នៅក្នុងខែកក្កដា និងសីហា ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកនាំចេញរបស់វៀតណាម។
កាលពីសប្ដាហ៍មុន ប្រទេសចិន បានសម្រេចផ្អាកការនាំចូលផលិតផលផ្លែស្រកានាគពីប្រទេសវៀតណាម បន្ទាប់ពីរកឃើញមេរោគកូវីដ១៩ លើការវេចខ្ចប់។ នៅថ្ងៃទី២១ ខែកញ្ញា អាជ្ញាធរចិន ធ្វើតេស្តលើ ផលិតផលស្រកានាគពីប្រទេសវៀតណាមសាជាថ្មី ហើយបើរកឃើញមេរោគកូវីដ១៩ នឹងផ្អាកការនាំចូលរយៈពេល១សប្ដាហ៍បន្ថែមទៀត៕