×

សូមប្រយ័ត្ន! ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដាយ​ដងស្ទឹង​មង្គលបូរី ត្រៀមស្បៀង ថ្នាំសង្កូវ និងត្រៀម​ជម្លៀស​ចេញ ព្រោះ​ទឹកជំនន់​អាចកើតឡើង​ឆាប់ៗនេះ

បន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរី បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី នៅថ្ងៃចន្ទ ទី២០ ខែកញ្ញាថា ដោយ ពិនិត្យឃើញស្ថានភាពភ្លៀង នៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ដល់អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។

រដ្ឋបាលស្រុកមង្គលបូរី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយ ដងស្ទឹងមង្គលបូរី សូមចូលរួម និងយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការដូចខាងក្រោម៖

-ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង
រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមាន៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រ អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិ និងឯកសារសំខាន់ៗទៀត

-ត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់មកដល់

-កុំឱ្យក្មេងៗចុះលេងទឹកតែម្នាក់ឯង ដោយមិនមានមនុស្សធំនៅក្បែរ

-នៅពេលមានទឹកជំនន់កើតឡើង ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។

អាជ្ញាធរ ក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ និងយកចិត្តទុកដាក់ ខ្ពស់ ចំពោះគ្រោះមហន្តរាយទឹកជំនន់ដែលនឹងកើតមាននាពេលដ៏ខ្លីខាងមុខនេះ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង