×

សូម​​បន្តប្រយ័ត្ន! ទឹកអាង​ត្រពាំងថ្ម​ពេញហើយ អាជ្ញាធរ​ខេត្តសម្រេច​បើកទ្វារទឹក​ទាំងអស់

ខេត្តបន្ទាយមានជ័យ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពអាងត្រពាំងថ្ម ស្ថិតនៅស្រុកភ្នំស្រុក បច្ចុប្បន្ននេះ ទឹកបានហក់ឡើងពេញអាង ១០០ភាគរយហើយ។

អាជ្ញាធរស្រុកភ្នំស្រុក បានសម្រេចបើកទ្វារទឹកអាងត្រពាំងថ្មទាំងអស់ ដើម្បីសម្រួលរំដោះទឹកក្នុងអាង ខណៈនៅសប្ដាហ៍នេះ ខេត្តបានទទួលរងទឹកភ្លៀងធ្លាក់ច្រើនគួរឱ្យកត់សម្គាល់។

ដោយឡែករដ្ឋបាលស្រុកមង្គលបូរី បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី នៅថ្ងៃចន្ទ ទី២០ ខែកញ្ញាថា ដោយ ពិនិត្យឃើញស្ថានភាពភ្លៀង នៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ដល់អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយសម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថា ដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បណ្តាលឱ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរអោយបារម្ភ៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង