បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង រស់នៅតាមបណ្តោយមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២៥គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ស្របពេលដែលភ្លៀងបន្តធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាកការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំង ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។
គួរបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារទឹកជំនន់ច្រើន ដោយសារមានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ និងទឹកដែលហូរមកពីប្រទេសថៃផងនោះ បណ្តាលឱ្យមានទឹកជំនន់កើតមានឡើងជាបន្តបន្ទាប់។
លោកវរសេនីយ៍ទោ មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែនទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ ព្រោះនេះជារដូវវស្សា ងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀងណាស់ ហើយត្រូវតែប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងសត្វធាតុផ្សេង៕