×

ព្រលាន​​យន្តហោះ​​អន្តរជាតិ​​តារាសាគរ ត្រៀម​បើក​សាកល្បង នៅថ្ងៃទី​​៣០​ខែធ្នូ ឆ្នាំនេះ

កោះកុង៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ នឹងត្រូវបើកដំណើរការសាកល្បង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

ព្រលានយន្តហោះអន្តរជាតិតារាសាគរ ត្រៀមនឹងបញ្ចប់ការងារសាងសង់ក្នុងខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យដឹងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយតំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ព្រលានយន្តហោះអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនចិន ឈ្មោះ Tianjin Union Development Group (UDG) នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ សម្រាប់ការសាងសង់ព្រលានយន្ដហោះតារាសាគរនៅដំណាក់កាលទី១ ចំណាយថវិកាជាង២០០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង ២១៨ហិកតា មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង