×

ផ្សារបន្ទាយស្រី ត្រូវបានបិទ​រយៈពេល​២សប្តាហ៍ ក្រោយ​រកឃើញ​អាជីវករ​២៤នាក់​មាន​ផ្ទុក​ជំងឺកូវីដ១៩

សៀមរាប៖ បន្ទាប់ពីទទួលបានព័ត៌មានកាលពីម្សិលមិញថា មានអាជីវករនៅក្នុងផ្សារបន្ទាយស្រីពីរនាក់ប្តីប្រពន្ធត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយពេលទៅពិនិត្យជំងឺនៅក្នុងគ្លីនិកឯកជនមួយនៅក្នុងក្រុងសៀមរាបរួចមក ក្រុមការងារស្រាវជ្រាវរបស់ស្រុកបន្ទាយស្រី បានកំណត់មុខសញ្ញាដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកទាំងពីរនេះភ្លាមៗ និងបានសម្រេចធ្វើតេស្តយកសំណាកលើអាជីវករទាំងអស់ជាង២០០នាក់នៅក្នុងផ្សារបន្ទាយស្រីទាំងមូលកាលពីព្រឹកមិញនេះ ដែលជាលទ្ធផលត្រូវបានរកឃើញវិជ្ជមានសរុប ២៤នាក់។

ដោយបានការឯកភាពអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រីបានរៀបចំបិទផ្សារបន្ទាយស្រីភ្លាមៗ ព្រមទាំងបន្តយកសំណាកលើអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានទាំង២៤នាក់នេះបន្ថែមទៀត ធ្វើយ៉ាងណាហ៊ុមព័ទ្ធការឆ្លងរាលដាលនៅក្នុងសហគមន៍ឱ្យខាងតែបាន ទោះបីជាត្រូវចត្តាឡីស័កមនុស្សរាប់រយគ្រួសារក៏ដោយ។

រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំទីកន្លែងលក់បន្លែត្រីសាច់ និងរបស់របរចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀតនៅទីតាំងថ្មីមួយ ដែលមានរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវ និងមិនបង្កហានិភ័យឆ្លងបន្តដល់អ្នកភូមិ។

អ្នកលក់បន្លែត្រីសាច់នៅក្នុងតំបន់ថ្មីនេះ នឹងតម្រូវឱ្យធ្វើតេស្តយកសំណាក និងមានលទ្ធផលអវិជ្ជមានជាមុនសិន ព្រមទាំងមានពាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឺងពីសំណាក់រដ្ឋបាលស្រុក។

អភិបាលស្រុកលោក ឃឹម ហ្វីណង់ បានស្នើសុំការយោគយល់ចំពោះផលប៉ះពាល់ដែលកើតចេញពីវិធានការបន្ទាន់មួយនេះ និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញផ្សារបន្ទាយស្រី ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ មេត្តាដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគជាប្រញាប់នៅមណ្ឌលសុខភាពបន្ទាយស្រីផ្ទាល់៕

ប្រភព៖ ឃឹម ហ្វីណង់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង