ថៃ៖ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិតនៃប្រទេសថៃ បានព្រមានយុវជនថៃ មិនឱ្យផលិតវីដេអូអាសអាភាស និងចែកចាយតាមរយៈវេទិកាអនឡាញ ក្នុងគោលបំណងពាណិជ្ជកម្មព្រោះវាជាអំពើខុសច្បាប់។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយកាលពីម្សិលមិញ បន្ទាប់ពីប៉ូលីសថៃ បានចាប់ខ្លួនគូស្នេហ៍វ័យក្មេង ឈ្មោះស៊ូថេនយ៉ា ណាខុនជិនដា អាយុ ១៩ ឆ្នាំ និងកូរ៉ាតសារីរ៉ាត់ អាយុ ២០ ឆ្នាំ ដែលបានចែករំលែកវីដេអូអាសអាភាសរបស់ពួកគេ តាមរយៈគេហទំព័រ OnlyFans ដែលជាវេទិកាចែករំលែកមាតិកាដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថៃ បានឱ្យដឹងថា គូស្នេហ៍វ័យក្មេងនេះ ត្រូវបានចាប់ខ្លួននៅសណ្ឋាគារមួយនៅក្នុងស្រុកបាងភី ខេត្តសាមុតប្រាកាន កាលពីយប់ថ្ងៃចន្ទ។
ពួកគេបានសារភាពថា ពួកគេបានផលិតវីដេអូអាសអាភាស ហើយបង្ហោះវីដេអូនេះ តាំងពីខែមិថុនាមកម្ល៉េះ។ គូស្នេហ៍វ័យក្មេងនេះ បាននិយាយថាពួកគេរកចំណូលបានប្រហែល ៥០ ម៉ឺនបាតពីការផលិតមាតិកា។
ទោះយ៉ាងណា ពួកគេបានបដិសេធការចោទប្រកាន់ពីការបង្កើតវីដេអូអាសអាភាសដើម្បីចែករំលែកជាសាធារណ ព្រោះពួកគេបានផលិតសម្រាប់តែសមាជិកដែលបានបង់ប្រាក់ប៉ុណ្ណោះ។
ពួកគេនេះ ត្រូវបានធានានៅក្រៅឃុំកាលពីម្សិលមិញ ក្នុងម្នាក់ៗបង់ ១០ ម៉ឺនបាត និងបានសន្យាថានឹងមិនបន្តផលិតវីដេអូបែបនេះទៀតឡើយ។
រឿងនេះ បានធ្វើឱ្យ #NongKhaiNao កំពុងល្បីល្បាញនៅលើបណ្តាញសង្គមថៃ ដែលមានមនុស្សជាង ៣០ ម៉ឺននាក់បានចែករំលែកបន្តនៅលើ Twitter ៕