×

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ប្រាប់ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ត្រៀម​លក្ខណៈ​បើក​ការ​ហោះហើរ​ឡើងវិញ ខណៈ​កម្ពុជា ត្រៀម​ប្រកាស​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា លោក ថោង ខុន បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញ នាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែកញ្ញានេះ។

ក្ដីសង្ឃឹមថ្មីខាងលើនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ លោក ថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។

លោករដ្ឋមន្ត្រី បានបន្តថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តាមគម្រោងដូចដែលសម្តេចតេជោបានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩។
ដូច្នេះហើយទើបលោករដ្ឋមន្ត្រី បានគាំទ្រឱ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រៀមលក្ខណៈឱ្យបានស្រេចបាច់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍នៅលើពិភពលោករួមទាំងកម្ពុជាផង។ ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។ លោក ថា ក្រសួងទេសចរណ៍ បានរៀបចំឯកសារផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ រួចហើយៗ ថែមទាំងបានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងអនុម័តផងដែរ។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline លោក គូ ថេអូ (Koo Taeoh) បានឱ្យដឹងថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីបំណងចង់បើកទេសចរណ៍សុវត្ថិភាពឡើងវិញនៅកម្ពុជា អគ្គនាយករបស់ក្រុមហ៊ុនលោក បានរួសរាន់ត្រលប់ទៅសាធារណរដ្ឋកូរ៉េភ្លាម ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកវិស័យទេសចរណ៍ជាផ្លូវការ នាពេលខាងមុខនោះ។

លោក ក៏បានលើកឡើងអំពីគម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅតំបន់សៀមរាប-អង្គរបន្ថែមទៀតផងដែរ ដើម្បីជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាតទៅទៀត។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រូវបានបង្កើតឡើងនៅអំលុងខែមិថុនា ដោយកាលណោះមានហោះហើរត្រង់រវាងប្រទេសកម្ពុជាទៅមកខេត្ត-ក្រុងជាច្រើនរបស់ប្រទេសចិន រួមទាំងទីក្រុងតៃប៉ិ (តៃវ៉ាន់) ប្រទេសវៀតណាម ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសឥណ្ឌាជាដើម។ ក្រៅពីនោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក៏មានការហោះហើរក្នុងប្រទេសផងដែរ ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ព្រះសីហនុ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika