ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានចំណាត់ការចំពោះ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម រោងចក្រ-សហគ្រាស និងម្ចាស់ផែស្ងួត តាមបណ្ដោយ មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ដែលបានដាក់ តាំងរបស់របរសម្ភារផ្សេងៗ និងតសំយ៉ាបព្រមទាំងការចតយានយន្តគ្រប់ប្រភេទមកលើចិញ្ចើមផ្លូវសាធារណៈ។
ដើម្បីឱ្យមានសោភ័ណភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងអនុវត្តវិធានការចុះរុះរើ និងដកហូតចំពោះសំណង់ហ្វែមដែក ការតសំយ៉ាប និងការចតយានយន្តរំលោភលើចិញ្ចើមផ្លូវសាធារណៈ, ម្ចាស់ទីតាំងត្រូវរុះរើចេញដោយស្ម័គ្រចិត្ត និងបញ្ឈប់ការចតយានយន្តនៅលើចិញ្ចើមផ្លូវសាធារណៈ រួមទាំង របស់របរ សម្ភារផ្សេងៗក្នុងរយៈពេល ០៧ថ្ងៃឱ្យអស់។
ចំពោះទីតាំងអាជីវកម្មស្របច្បាប់ ដែលមិនរំលោភលើចិញ្ចើមផ្លូវសាធារណៈ ត្រូវមានចំណតផ្ទាល់ខ្លួន ដោយមិនត្រូវយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតដាច់ខាតចំពោះការចត មធ្យោបាយគ្រប់ប្រភេទលើចិញ្ចើមផ្លូវត្រូវទុកចំណែកនៃចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាន។ នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសម្អាតអនាម័យ ឱ្យបានស្អាតជានិច្ច រាល់កាកសំណល់ផ្សេងៗ និងត្រូវច្រកថង់ចងឱ្យជិត ឬវេចខ្ចប់ឱ្យបានស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ។
មិនត្រូវបញ្ចេញសំរាម ឬលាងរថយន្ត ម៉ូតូ ឬសម្ភារផ្សេងៗបង្ហូរមកលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។ ក្នុងករណី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅ លើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង។ ហើយករណីមានការរារាំង រឹងរូស មិនស្តាប់ការណែនាំ អាជ្ញាធរនឹងកសាង សំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕