×

សូមប្រុងប្រយ័ត្ន! ទឹកស្ទឹងសែន​កំពុង​ហក់ឡើងខ្លាំង អាជ្ញាធរ​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ពី​ទឹកជំនន់​ដែលអាច​កើតមាន

កំពង់ធំ៖ បន្ទាប់ពីភ្លៀងធ្លាក់បន្តបន្ទាប់គ្នាជាច្រើនថ្ងៃ បណ្តាលឱ្យទឹកតាមដងស្ទឹងសែនបានហក់ឡើង គួរឱ្យមានការព្រួយបារម្ភ ពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អាចនឹងមានទឹកជំនន់លិចលង់ ប៉ះពាល់ដល់សត្វគោ ក្របី ដំណាំបន្លែបង្ការ នានាៗជាពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោក យោ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ ថាកម្រិតទឹកស្ទឹងសែន ក្នុងព្រឹកនេះ នៅកម្រិត ១៣,៣៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ១៣,៥០ម៉ែត្រ។

ក្នុងនោះលោកប្រធានមន្ទីរធនធានទឹកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ននិងទឹកជំនន់ ព្រោះអាចនឹងមានទឹកជំនន់ ប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់ជោកជាំ។

ជាមួយគ្នានោះដែរ កម្លាំងអន្តរាគមន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមកម្លាំង ១៥០នាក់ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រមូលផ្តុំកម្លាំងដើម្បីត្រៀមចេញជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ត្រៀមចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលលាក្នុងករណីមានគ្រោះមហន្តរាយ៕

អត្ថបទ៖ កែម ចិន្តា កែសម្រួល៖ លាភ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង