×

មន្ទីរធម្មការ​និង​សាសនា​រាជធានី ប្រកាសបន្ត​ផ្អាកការជួបជុំ​ផ្សេងៗ និង​ការប្រមូល​ផ្តុំថ្វាយបង្គំ រហូតដល់​មាន​ការជូនដំណឹង​ថ្មី

ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំ ជាបណ្ដោះអាសន្នសិន ចាប់ពីពេលនេះ តទៅរហូតដល់មានការជូនដំណឹងថ្មី។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឱ្យក្រសួងពាក់ព័ន្ធ ពិភាក្សាគ្នា ក្នុងការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឬក៏បង្រួមកម្មវិធី ឱ្យមានមនុស្សចូលរួមតិចបំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បន្ទាប់ពីមានការផ្ទុះឡើងករណីឆ្លង ជំងឺកូវីដ១៩ នៅក្នុងវត្តចំនួន២កន្លែង គិតត្រឹមថ្ងៃកាន់បិណ្ឌទី២។

មន្ទីរធម្មការ និងសាសនារាជធានី ក៏អំពាវនាវសូមឱ្យព្រះអង្គ លោក លោកស្រី លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩នេះ ដោយណែនាំពុទ្ធបរិស័ទឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការទាំងឡាយ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមជម្រាបថា វត្តចំនួន២ទីតាំង ដែលផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ មានវត្តនាគវ័ន និងវត្តចំពុះក្អែក ស្ថិតនៅរាជធានីភ្នំពេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង