តាកែវ៖ ព្រះសង្ឃគង់នៅវត្តឯកឧត្តមមានជ័យ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលចង្ហាន់ និងទេយ្យវត្ថុ ធ្វើនៅត្រឹមក្លោងទ្វារវត្ត មិនអនុញ្ញាតឱ្យពុទ្ធបរិស័ទចូលវត្តដូចរាល់ដងទេ។
ប្រជាពុទ្ធបរិស័ទគ្រប់រូបមានសទ្ធា ឬគោលបំណងមកបំពេញបុណ្យកុសលក្នុងវត្តឯកឧត្តមមានជ័យ អាចមកបំពេញបុណ្យកុសលបាន ដោយត្រូវអនុវត្តវិធានសុខាភិបាលដោយគោរពតាម វិធានការ ៣កុំ ៣ការពារ និងគោរពតាមណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការនាំយកចង្ហាន់ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងខ្វះខាត។
សូមជម្រាបថា រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេច ដោយផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា
ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។ រក្សាការឈប់សម្រាករយៈពេល ៣ ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយ
អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១៕