×

វ៉ាក់សាំងចិន ចំនួន​៣លានដូស​ថ្មីទៀត បានដឹក​មកដល់​កម្ពុជា​ហើយ សម្រាប់​ចាក់ជូន​ពលរដ្ឋ​ដែល​មិនទាន់ចាក់ និង​សម្រាប់​អ្នកចាក់​ដូសជំរុញ

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសថ្មីទៀត ដែលជាការបញ្ជាទិញរបស់រដ្ឋាភិបាល បានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ។
ក្នុងឱកាសនេះ មានវត្តមានលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមមន្ត្រីក្រោមឱវាទ ក្រសួង បានចុះមកទទួល និងពិនិត្យ វ៉ាក់សាំងទាំង៣លានដូសនេះ ។

ទោះបី វ៉ាក់សាំងមកដល់ក្នុងចំនួនច្រើនយ៉ាងណាក៏ដោយ ក៏កម្ពុជាមានកន្លែងស្តុកទុកត្រឹមត្រូវ គ្រាប់គ្រាន់ នឹងមានសុវត្ថិភាពបំផុត ដោយក្រសួងសុខាភិបាលមានទូរត្រជាក់ដែលអាចរក្សាបាននូវសីតុណ្ហភាព ជាពិសេសថ្មីនេះ រដ្ឋាភិបាលជប៉ុនក៏ទើបតែប្រគល់ជូនទូរដាក់វ៉ាក់សាំងចំនួន២១គ្រឿង ដែលរិតតែធ្វើឱ្យក្រសួងមានកាន់តែច្រើនបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ក្នុងនោះប្រទេសចិន ត្រូវបានសម្តេចតេជោ ហ៊ុន សែន កំណត់ជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនេះ។
រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង ៣៥,៥ លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ ប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកតាមរយៈខូវ៉ាក់ផងដែរ។

សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងថា កម្ពុជាមានវ៉ាក់សាំងការពារកូវីដ១៩ ទាំងនៅក្នុងស្តុកបូករួម នឹងមកដល់នៅពេលឆាប់ៗខាងមុខ សរុបរហូតដល់១៣លានដូស។ វ៉ាក់សាំងចំនួន១៣លានដូសរួមមាន នៅក្នុងស្តុកជាង៤លានដូស និង៦លានដូស ដែលជាការបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន និង៣លានដូសទៀត គឺជាការសន្យាផ្តល់ជំនួយពីមិត្តចិន ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបទេសចិន កាលពីពេលថ្មីៗនេះ។

គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១២,៤៨៣,៥៨៨នាក់ហើយ។ ក្នុងរួមមាន៖ ១៖ មនុស្សចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៨៤២,៩៩៨នាក់ ២៖ កុមារ និងក្មេងជំទង់ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៣៧,៣០៣នាក់ និង៣៖ កុមារចាប់ពីអាយុ០៦ដល់១២ឆ្នាំ ៩០៣,២៨៧នាក់៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង