សៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី បានរៀបចំឱ្យមានផ្សារក្រមួន ដើម្បីជំនួសផ្សារបន្ទាយស្រី ដែលត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយសារអាជីវករមួយចំនួន បានឆ្លងកូវីដ១៩។
ផ្សារក្រមួននេះ ចាប់ផ្ដើមដំណើរការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ជំនួសឱ្យផ្សារបន្ទាយស្រី ដែលស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ផ្សារក្រមួននេះ បានរៀបចំដោយអាជីវកររក្សាគម្លាតពីគ្នា និងកំណត់ចំនួនតូចលក់ដូរ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរស្រុកបន្ទាយស្រី។
បើយោងតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា៖ “«ផ្សារក្រមួនទី២» នៅក្នុងស្រុកបន្ទាយស្រីចាប់ផ្តើមដាក់ឱ្យដំណើរការជំនួសឱ្យផ្សារបន្ទាយស្រីដែលត្រូវបានបិទរយៈពេល២សប្តាហ៍បណ្តោះអាសន្ន តែមានសុវត្ថិភាពសម្រាប់សហគមន៍ លំបាកបន្តិចតែជាជាងការបិទទាំងស្រុង ដោះស្រាយបានទាំងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អ្នកភូមិ និងបានទាំងទ្រទ្រង់ជីវភាពរបស់អាជីវករមួយចំនួនផងដែរ។”
អភិបាលស្រុកបន្ទាយស្រីបន្តថា៖ “អ្នកលក់ទាំងអស់សុទ្ធតែបានឆ្លងកាត់ការយកសំណាកជាមុន ពាក់ម៉ាស ពាក់របាំងមុខការពារត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាពពីតូបមួយទៅតូបមួយ និងមានពាក់បណ្ណសម្គាល់អត្តសញ្ញាណគ្រប់ៗគ្នា ដើម្បីធានាឱ្យបានថា ផ្សារតាមបែបគន្លងថ្មីនេះមិនបង្កហានិភ័យបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពរដ្ឋនៅតែអាចបន្តបានជាធម្មតា៕”