×

សូមប្រុងប្រយ័ត្ន! ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង​កំពុង​ហក់ឡើង ខ្ពស់​ពុំធ្លាប់មាន

អត្ថបទ៖ ម៉ាក មេត្តា

ស្ទឹងត្រែង៖ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បាននិងកំពុងហក់ឡើងកម្រិត ០,៩០ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រកាសនៅ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍បានបង្ហាញថា កាលពីថ្ងៃទី២៥ ទឹកទន្លេមេគង្គ មានកម្ពស់តែ ៧,៤០ម៉ែត្រ ប៉ុន្តែនៅព្រឹកថ្ងៃទី២៦ នេះវិញ ទឹកមានកម្ពស់ ៨,៣០ម៉ែត្រ ពោលគឺទឹកហក់ឡើងខ្ពស់ជាងថ្ងៃមិលមិញ ០,៩០ម៉ែត្រ ដែលកម្ពស់ទឹកឡើងខ្ពស់ដូច្នេះ គឺពុំធ្លាប់មានទេក្នុងពេលកន្លងមក។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ទឹកទន្លេមេគង្គហក់ឡើងលឿនដូច្នេះ ដោយសារប៉ុន្មានថ្ងៃនេះនៅតំបន់ខាងលើនៃខេត្តស្ទឹងត្រែង និងក្នុងខេត្តស្ទឹងត្រែងទាំងមូលមានភ្លៀងធ្លាក់គ្រប់ទីកន្លែងពីតិច ទៅមធ្យម។

លោកបន្តថា នៅថ្ងៃទី២៦ នេះ ទឹកទន្លេទាំង៣នៅខេត្តស្ទឹងត្រែងមានកម្ពស់ខុសៗគ្នា គឺ ១-ទឹកទន្លេមេគង្គថ្ងៃនេះ មានកម្ពស់៨,៣០ម៉ែត្រ ចំណុចប្រកាសអាសន្ន ១០,៧០ម៉ែត្រ, ២-ទន្លេសេសានទឹកមានកម្ពស់ ៨,២៥ម៉ែត្រ ចំណុចប្រកាសអាសន្ន១០,៥០ម៉ែត្រ និង៣-ទន្លេសេកុងទឹកមានកម្ពស់ ៩,៥២ម៉ែត្រ ចំណុចប្រកាសអាសន្ន ១១,៥០ម៉ែត្រ។

សូមបញ្ជាក់ថានៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចឃុំតាឡាត់ ស្រុកសេសាន ក៏មានកន្លែងមួយចំនួនកំពុង ទទួលរងទឹកជំនន់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង