ថៃ៖ អាជីវកម្មជាច្រើននៅប្រទេសថៃ នឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ចាប់ពីថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ហើយរយៈពេលនៃបម្រាមគោចរពេលយប់ នឹងត្រូវបានកាត់បន្ថយ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ បានអនុម័តសេចក្តីសម្រេចនេះ នៅក្នុងកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃចន្ទ ដោយវិធានការគ្រប់គ្រងជំងឺដែលបន្ធូរបន្ថយ ត្រូវអនុវត្តចំពោះខេត្តចំនួន ២៩ ដែលត្រូវបានដាក់ជាតំបន់ក្រហម ដែលមានការគ្រប់គ្រងជំងឺអតិបរមា និងតឹងរ៉ឹងបំផុត។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បានបន្តអនុវត្តការដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា និងកាត់បន្ថយបម្រាមគោចរពេលយប់ ចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៤ភ្លឺវិញ។ បម្រាមគោចរ នឹងបន្តយ៉ាងហោចណាស់ ១៥ថ្ងៃទៀត ខណៈមជ្ឈមណ្ឌល និងហាងទំនិញផ្សេងៗ នឹងត្រូវបិទនៅម៉ោង ៩យប់។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ បានអនុម័តឱ្យបើកឡើងវិញចាប់ពីថ្ងៃសុក្រ នូវអាជីវកម្មមួយចំនួន ដូចជា សាឡន គ្លីនិកកែសម្ផស្ស ហាងម៉ាស្សា និងស្ប៉ា និងរោងភាពយន្ត ព្រមទាំងភោជនីយដ្ឋានដែលមានការសម្ដែងចម្រៀងតន្ត្រី។
សម្រាប់បណ្ណាល័យ សារមន្ទីរ មជ្ឈមណ្ឌលសិក្សា និងហាងធ្វើក្រចកនិងហាងសាក់ ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញផងដែរ។ ប៉ុន្តែ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត នឹងបន្តបិទដដែល។ ពហុកីឡាដ្ឋានដែលបើកចំហមានខ្យល់ចេញចូល អាចអនុញ្ញាតឱ្យមានអ្នកទស្សនា ២៥% ៕
ប្រភព៖ Bangkok Post