ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានជូនដំណឹងដល់អាជីវករក្នុងផ្សារក្រុងព្រៃវែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ថា កាលពីពេលថ្មីៗនេះ មានអាជីវករលក់ដូរក្នុងផ្សារក្រុងព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីមានអាការៈសង្ស័យ និងបានយកសំណាកធ្វើតេស្តរហ័ស(Rapid Test)។ បច្ចុប្បន្ន អាជ្ញាធរក្រុង និងសង្កាត់ កំពុងបន្តស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកមកធ្វើតេស្តរកមេរោគកូវីដ-១៩។
ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់នូវការចម្លងនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រៃវែង បានសម្រេចផ្អាកបណ្ដោះអាសន្នផ្សារក្រុងព្រៃវែង(ទាំងក្នុង និងក្រៅបរិវេណផ្សារ) ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
ទន្ទឹមនឹងនេះរដ្ឋបាលខេត្តព្រៃវែង ក៏បានប្រាប់ដល់ប្រជាពលរដ្ឋ ពិសេសអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់ ដែលធ្លាប់បានប្រាស្រ័យទាក់ទងទាំងផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីរកមេរោគកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែក និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។ ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សា ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម ជាដើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត៕