ថៃ៖ ព្យុះត្រូពិចឈ្មោះ ដៀនមូ (Dianmu) ដែលបានឆ្លងកាត់ភាគខាងជើងប្រទេសថៃ កាលពីសប្តាហ៍មុន បានបណ្តាលឱ្យជន់លិចនៅទូទាំងខេត្តចំនួន ៣០ ហើយបានឆក់យកជីវិតមនុស្សចំនួន ៦នាក់ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា។
អ្នកស្លាប់ចំនួន ៥នាក់ ស្ថិតនៅខេត្ត Lop Buri និងមនុស្សម្នាក់បានស្លាប់នៅខេត្ត Phetchabun ។ មនុស្ស ២ នាក់ទៀត កំពុងបាត់ខ្លួន នៅទីក្រុង Lop Buri និងម្នាក់ទៀតនៅខេត្ត Phetchabun ផងដែរ។
ខេត្តមួយចំនួន ត្រូវបានប្រកាសជាតំបន់មានគ្រោះមហន្តរាយ រួមមាន ខេត្តស្រះកែវ ស៊ីសាកេត និងខេត្តឧប៊ុនរាជាធានី ផងដែរ។
សូមជម្រាបថា ព្យុះ Dianmu (ដៀនមូ) បានបន្ថយឥទ្ធិពលរបស់ខ្លួនមកជាសម្ពាធទាប ប៉ុន្តែភ្លៀងបានបន្តធ្លាក់ពីតិចទៅច្រើន លាយឡំនឹងខ្យល់កន្ត្រាក់នៅប្រទេសថៃ នៅភាគខាងជើង ភាគឦសាន ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញផងដែរ៕