×

អាមេរិក ប្រាប់ឱ្យ​ពលរដ្ឋខ្លួន​ជៀសវាង​ការធ្វើដំណើរ​ដែល​មិនចាំបាច់​ទៅ​សិង្ហបុរី

សិង្ហបុរី៖ សហរដ្ឋអាមេរិក បានបង្កើនកម្រិតហានិភ័យនៃការឆ្លងមេរោគកូវីដ១៩របស់ប្រទេសសិង្ហបុរី ដល់កម្រិត “ខ្ពស់” និងព្រមានចំពោះការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់សិង្ហបុរី។

សិង្ហបុរី មានការការស្លាប់ថ្មីដែលត្រូវបានរាយការណ៍ស្ទើរតែរៀងរាល់ថ្ងៃជាលើកដំបូង ក្នុងអំឡុងពេលមានជំងឺរាតត្បាត ហើយរលកទី៤ នៃការឆ្លងរាលដាលដល់ មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។

សេចក្តីជូនដំណឹងស្តីពីការធ្វើដំណើរនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃសហរដ្ឋអាមេរិក បានឱ្យដឹងថា៖ “ដោយសារតែស្ថានភាពបច្ចុប្បន្ននៅសិង្ហបុរី អ្នកដំណើរទាំងអស់អាចប្រឈមនឹងហានិភ័យនៃការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩” ។
បណ្តាប្រទេសអាស៊ីដទៃទៀត ដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ គឺ ជប៉ុន ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន។ ដោយឡែក ម៉ាឡេស៊ី ថៃ និងមីយ៉ាន់ម៉ា ត្រូវបានចាត់ថ្នាក់ជាប្រទេសមានហានិភ័យខ្ពស់បំផុត។

ដំបូន្មានរបស់អាជ្ញាធរអាមេរិកនេះ បានដាស់តឿនអ្នកដំណើរជនជាតិអាមេរិក ឱ្យទទួលការចាក់វ៉ាក់សាំងឱ្យបានពេញលេញ ប្រសិនបើពួកគេ ចង់ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។

សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបនៅប្រទេសសិង្ហបុរី បានកើនឡើងដល់ ៨៥ នាក់ និងឆ្លងសរុប ៩១.៧៧៥ នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា។

សិង្ហបុរី បានចាប់ផ្តើមការចាក់វ៉ាក់សាំងដល់មនុស្សចាស់ បន្ទាប់ពីកូវីដ១៩ បានឆ្លងដល់មនុស្សជាង ១.០០០ នាក់ជារៀងរាល់ថ្ងៃនៅសប្តាហ៍មុន។ ប្រជាជនសិង្ហបុរី ប្រហែល ៨០% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង