ឥណ្ឌូណេស៊ី៖ វីដេអូដ៏ល្បីល្បាញមួយដែលបង្ហាញពីសកម្មភាពរបស់កូនសិស្សសាលាបឋមសិក្សា ដែលបានជិះប្រអប់ស្នោដើម្បីឆ្លងកាត់ទន្លេ នៅភាគខាងត្បូង កោះស៊ូម៉ាត្រា បាននិងកំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅឥណ្ឌូណេស៊ីនាសប្តាហ៍នេះ។
វីដេអូឃ្លីបនេះ ដំបូងឡើយត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ TikTok ម្នាក់ ប៉ុន្តែហាក់ដូចជាត្រូវបានគេដកចេញវិញ។ យ៉ាងណា វីដេអូនេះ បង្ហាញពីក្មេងប្រុស ៣នាក់ ដែលស្លៀកពាក់ឯកសណ្ឋានកូនសិស្ស ត្រូវបានគេថតនៅពេលដែលពួកគេ កំពុងជិះស្នោដើម្បីធ្វើជាយានសម្រាប់ឆ្លងទឹក។
បន្ទាប់ពីឃើញវីដេអូនេះ បានសាយភាយ មន្រ្តីមូលដ្ឋានបានចុះទៅដល់ភូមិរបស់កុមារទាំងនោះ និងណែនាំអ្នកស្រុក ហាមកូនៗរបស់ពួកគេ ជិះប្រអប់ស្នោបែបនេះ ព្រោះវាអាចបង្កគ្រោះថ្នាក់។
ពលរដ្ឋម្នាក់នៅភូមិនោះ បាននិយាយថា ក្មេងៗនៅក្នុងតំបន់នេះ តែងតែប្រើប្រាស់ប្រអប់ស្នោដើម្បីលេងទឹក ថ្វីបើមានស្ពាន នៅក្បែរនោះក៏ដោយ៕
(ទស្សនាវីដេអូ)