ភ្នំពេញ៖ លោកស្រី ស៊ន សៀវម៉ី និងស្វាមី កំពុងទន្ទឹងជួបមុខកូនស្រីដែលកំពុងនៅក្នុងផ្ទៃបាន ៣៥សប្តាហ៍យ៉ាងអន្ទះសា។
ទន្ទឹមនឹងជិតគ្រប់ខែនេះផងដែរ លោកស្រី ស៊ន សៀវម៉ី បានថតរូបជាច្រើនសន្លឹកទុកជាអនុស្សាវរីយ៍ និងបានបង្ហាញឈ្មោះកូនស្រីតូចដែលនឹងជួបមុខគ្នាឆាប់ៗនេះថា Jessi ។
គួរបញ្ជាក់ដែរថា លោកស្រី មិនបានប្រារព្ធអាពាហ៍ពិពាហ៍អ្វីធំដុំឡើយដោយសារបញ្ហាវិបត្តិកូវីដ១៩ ដោយប្តូរមកជាការសែនព្រេនមានការចូលរួមពីក្រុមគ្រួសារទាំងសងខាងវិញ។ ទោះជាយ៉ាងណា ជីវិតគ្រួសាររបស់ ស៊ន សៀវម៉ី មើលទៅពិតជាមានសុភមង្គលធ្វើឱ្យគ្រប់គ្នានាំគ្នាស្ងើចសរសើរជាខ្លាំង។
សូមជម្រាបថា លោកស្រី ស៊ន សៀវម៉ី ធ្លាប់ជាកីឡាការិនីតេក្វាន់ដូល្បីឈ្មោះមួយរូប ដែលបានទទួលបានមេដាយច្រើនជូនជាតិមាតុភូមិ បន្ទាប់ពីវីរកីឡាការិនីរូបនេះ ដណ្ដើមបានមេដាយមាស១គ្រឿង ក្នុងវិញ្ញាសាតេក្វាន់ដូ នៅព្រឹត្តិការណ៍លំដាប់ទ្វីបអាស៊ី ឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឈាន់សាធារណរដ្ឋកូរ៉េ ព្រមទាំងឈ្នះមេដាយមេដាយមាស ៣គ្រឿងទៀត លើវិញ្ញាសាដូចគ្នា នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេមឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រ តែងតាំង ជា “ជំនួយការសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលបានប្រាក់បំណាច់មុខងារ”៕