ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចប្រកាសបិទខ្ទប់ ផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិសាស្ដ្រភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាលើកទី២ រយៈពេល០២សប្ដាហ៍ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់មានការជូនដំណឹងជាថ្មី ក្នុងគោលបំណងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី ដែលតា (Delta)។
សូមជម្រាបថា ផ្សារកំពង់ប្រណាក ត្រូវបានបិទខ្ទប់ កាលពីខែកក្កដា ដោយសាររកឃើញអាជីវករលក់ដូរក្នុងផ្សារនេះ មានឆ្លងជំងឺកូវីដ១៩។ ភ្លាមៗនោះ រដ្ឋបាលខេត្តព្រះវិហារបានជូនដំណឹងដល់អាជីវករលក់ដូរ និងអ្នកពាក់ព័ន្ធនៅផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ប្រញាប់ទៅទទួលការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ នៅបរិវេណចំណតរថយន្ត ស្ថិតនៅភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
បន្ទាប់មក រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបើកដំណើរការផ្សារកំពង់ប្រណាកឡើងវិញ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១៕