អាមេរិក៖ YouTube នឹងបិទមាតិកាដែលប្រឆាំងនឹងវ៉ាក់សាំងបង្ការកូវីដ១៩ទាំងអស់ ដែលចោទថា វ៉ាក់សាំងបង្កឱ្យមានផលប៉ះពាល់សុខភាព ឬព័ត៌មានមិនត្រឹមត្រូវអំពីសារធាតុនៅក្នុងវ៉ាក់សាំង។
ក្រុមហ៊ុន YouTube ដែលជាកម្មសិទ្ធិរបស់ Alphabet ក៏កំពុងហាមឃាត់សកម្មជនប្រឆាំងនឹងវ៉ាក់សាំងការពារកូវីដ១៩ ដោយបានបិទឆាណែលមួយចំនួនផងដែរ។ ទាំងនេះ រួមបញ្ចូលទាំងឆាណែលលោក Robert F Kennedy Jr និង Joseph Mercola ដែលបានប្រឆាំងយ៉ាងខ្លាំងចំពោះវ៉ាក់សាំង។
YouTube និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត ដូចជា Facebook និង Twitter ត្រូវបានគេរិះគន់ថា មិនបានធ្វើឱ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃព័ត៌មានសុខភាពមិនពិត នៅលើគេហទំព័ររបស់ពួកគេ។
ទោះបីជា YouTube ប្រកាន់ជំហរតឹងរ៉ឹងជាងមុន អំពីព័ត៌មានមិនពិតក៏ដោយ ក៏វាប្រឈមនឹងប្រតិកម្មជុំវិញពិភពលោក៕