សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រកាសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ លោកបានសម្រេចរំសាយរាល់តំបន់ក្រហម និងលឿងទុំទាំងអស់ទូទាំងប្រទេស ដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋ អាចចេញមករកស៊ីទទួលទានឡើងវិញ តែកុំបីភ្លេចអនុវត្ត “៣ការពារ-៣កុំ” ថែមទាំងចាក់វ៉ាក់សាំង។ នេះបើយោងតាមសារ ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយអភិបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញានេះ។
ទោះយ៉ាងណា លោកអភិបាលខេត្តសៀមរាប បានក្រើនរំលឹកថា “ខ្ញុំនឹងស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ដាក់តំបន់ក្រហមឡើងវិញ នាពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បន្តបំពាន មិនអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ បណ្តាលឱ្យឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរម្តងទៀត។”
ជាមួយគ្នានេះ លោក ទៀ សីហា បានឱ្យដឹងថា រដ្ឋបាលខេត្ត ក៏ដូចជា មន្ទីរសុខាភិបាល នឹងបន្តបើកមណ្ឌលព្យាបាល មណ្ឌលចត្តាឡីស័ក និងសូមអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលមានអាការសង្ស័យ អាចមកយកសំណាក និងព្យាបាលបានតាមការស្ម័គ្រចិត្ត ជៀសវាងទៅចម្លងដល់អ្នកដទៃទៀត។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវតែចេះ “រៀនរស់តាមបែបគន្លងថ្មី” ត្រូវកែហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍សម្ភារ ដែលអាចរក្សាគម្លាតបានចំពោះទីតាំងទាំងអស់ក្នុងខេត្តសៀមរាប។ ទន្ទឹមនេះ លោក ក៏បានជម្រុញមានការប្រើប្រាស់សេវាដឹកជញ្ជូនឱ្យបានច្រើនបំផុត ដូចជា រ៉ឺមក់កង់៣ និងក្រុមហ៊ុនដឹកជញ្ជូនផងដែរ ជៀសការប៉ះពាល់ផ្ទាល់៕