កូរ៉េខាងត្បូង៖ អំលុងឆ្នាំ ១៩៩៨ តារាចម្រៀង Han Mi-ok បានចាប់ផ្តើមប្រលូកលើវិថីសិល្បៈ ហើយក៏ជាពេលដែលគាត់ចាប់ផ្តើមមានអារម្មណ៍មិនពេញចិត្តនូវរូបសម្រស់ខ្លួនឯងដែរ។ ក្រោយមកគាត់ក៏បានចាប់ផ្តើមធ្វើការកែសម្ជស្សដោយតចង្ការឱ្យវែងដើម្បីឱ្យស៊ីនឹងទម្រង់មុខ។
ចាប់តាំងពីពេលនោះមក Han Mi-ok ចាប់ផ្តើមញៀននឹងការកែសម្ជស្សឥតឈប់ឈររហូតដល់សារធាតុគីមីប្រតិកម្មធ្វើឱ្យមុខឡើងហើមធំជាងខ្លួនទៅទៀត។ ក្រោយមកគ្មានពេទ្យណាហ៊ានទទួលកែសម្ជស្សឱ្យគាត់ទៀតឡើយ ដូចនេះអ្វីដែលគាត់អាចធ្វើបានគឺទៅទិញស៊ីលីកូននៅផ្សារដែលគ្មានគុណភាពមកចាក់ដោយខ្លួនឯងដើម្បីសង្គ្រោះសម្រស់នាងឡើងវិញ។
ប៉ុន្តែអ្វីៗមិនបានដូចការគិតឡើយ ព្រោះវាបានធ្វើឱ្យស្ថានភាពមុខគាត់យ៉ាប់យឺនកាន់តែខ្លាំងឡើង។ ទីបំផុតគាត់បានធ្វើឱ្យឪពុកម្តាយ និងមនុស្សជុំវិញខ្លួនភ័យខ្លាចដោយសារផ្ទៃមុខហើមខ្លាំងមើលលែងស្គាល់។ ចាប់តាំងពីខូចរូបសម្រស់មក រយៈពេលមួយឆ្នាំក្រោយ Han Mi-ok បានដាក់ពាក្យធ្វើការនៅហាងលក់សម្លៀកបំពាក់ជជុះ។
ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ គ្រប់គ្នាមានការភ្ញាក់ផ្អើលចំពោះព័ត៌មានដែលបានចុះផ្សាយពីមរណភាពរបស់ Han Mi-Ok ដែលបានប្រទះឃើញសពនៅក្នុងផ្ទះក្នុងវ័យ ៥៧ឆ្នាំ។ គួរបញ្ជាក់ដែរថា នេះជាមេរៀនមួយសម្រាប់អ្នកដែលប្រើប្រាស់សេវាកម្មកែសម្ជស្សជាមួយគ្លីនិកគ្មានអាជ្ញាបណ្ណ និងប្រើប្រាស់ផលិតផលដែលគ្មានគុណភាពឱ្យប្រយ័ត្នប្រយែងមុននឹងសម្រេចចិត្តកែសម្ជស្ស៕