ស៊ីដនី៖ ព្យុះកំបុតត្បូង មួយបានបោកបក់កាត់តំបន់ភាគអាគ្នេយ៍ នៃប្រទេសអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយបង្កឱ្យប៉ើងដំបូលផ្ទះ រលំដើមឈើ រលំបាក់បង្គោលភ្លើង និងបង្កឱ្យមានមនុស្សរងរបួសស្រាល។
សេវាកម្មសង្គ្រោះបន្ទាន់អូស្ត្រាលី បាននិយាយថា ប៉ូលីសនិងរថយន្តសង្គ្រោះ បានទៅដល់ទីប្រជុំជន Meadow Flat ដែលជាទីប្រជុំជនមួយ មានមនុស្សប្រហែល ៣០០ នាក់នៅជិតមជ្ឈមណ្ឌល Bathurst បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានព្យុះកំបុតត្បូង បានបំផ្លាញផ្ទះមួយចំនួន នៅរសៀលថ្ងៃត្រង់ ទី៣០ ខែកញ្ញា។
បុរសម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយត្រូវបានគ្រូពេទ្យ កាត់ដៃរបស់គាត់ចោល។ ប្រហែល ២០ នាទីក្រោយមក ក្រុមសង្គ្រោះ បានទៅដល់ទីប្រជុំជន Clear Creek ដែលមានមនុស្សប្រហែល ១០០ នាក់ ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីតាំងដែលបុរសនិងស្ត្រីម្នាក់ បានរងរបួសស្រាលដោយសារព្យុះកំបុតត្បូង។
ការិយាល័យព្យាករណ៍ឧតុនិយម បាននិយាយថា ព្យុះកំបុតត្បូង គឺជាផ្នែកមួយនៃប្រព័ន្ធអាកាសធាតុ ដែលបានឆ្លងកាត់រដ្ឋមានប្រជាជនច្រើនបំផុតរបស់អូស្ត្រាលី និងបង្កឱ្យមានព្យុះផ្គររន្ទះ។
សេវាកម្មសង្គ្រោះបន្ទាន់របស់រដ្ឋ New South Wales បានចេញការព្រមានមួយ សម្រាប់ប្រជាជន ដើម្បីការពារទ្រព្យសម្បត្តិ នៅខាងក្រៅផ្ទះរបស់ពួកគេ។
ព្យុះកំបុតត្បូងនេះ បានបណ្តាលបង្គោលខ្សែភ្លើង រលំបាក់ ហើយបានផ្ដាច់អគ្គិសនី សម្រាប់ផ្ទះរាប់រយខ្នង៕