ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរ បន្តយកចិត្តទុកដាក់លើការគ្រប់គ្រងគោលដៅ ទេសចរណ៍សុវត្ថិភាព តាមស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឱ្យបានហ្មត់ចត់ ដើម្បីជំរុញចលនាទេសចរ ក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិ នាពេលខាងមុខនេះ។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប និងបន្តចុះត្រួតពិនិត្យសកម្មភាពសាងសង់ “កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត” កាលពីពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រី ក៏បានណែនាំរដ្ឋបាលទាំងបួននេះត្រូវវាយតម្លៃគោលដៅទេសចរណ៍សុវត្ថិភាពឱ្យបានច្បាស់លាស់ ទៅតាមសូចនាករទាំង ៤ ដែលក្រសួងទេសចរណ៍ បានដាក់ចេញមានដូចជា អត្រាចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ អត្រាឆ្លងជំងឺកូវីដ១៩ ការគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាព និងការអនុវត្តស្តង់ដាបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។
សូមជម្រាបថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្តិ “ការធ្វើបច្ចុប្បន្នភាពនៃកាអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី” សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាព រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសបើកទទួលទេសចរអន្តរជាតិជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះដែរ៕