×

ផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុ នឹង​ត្រូវពង្រីក​ផ្នែកខ្លះ​ពី ៧ ទៅ ១១ ម៉ែត្រ

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ បានចាប់ផ្តើមកែលម្អដោយពង្រីកផ្នែកខ្លះៗ ពី៧ម៉ែត្រទៅ១១ម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទាន ធនាគារពិភពលោក។

លោកទេសរដ្ឋមន្ត្រី បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅកម្ពុជា នៅថ្ងៃទី១ ខែតុលានេះ។

លោករដ្ឋមន្ត្រី បានបន្តថា ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងត្រូវពង្រីកឱ្យធំជាងពេលបច្ចុប្បន្ន ដោយគ្រោងចំណាយថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិក។ គម្រោងកែលម្អផ្លូវនេះបានថវិកាមកពីធនាគារពិភពលោក ដោយត្រូវបែងចែកជា៥ផ្នែកផ្សេងៗគ្នា។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ផ្នែកទី១ ២ ៣ ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ ដោយចាប់ពីគីឡូម៉ែត្រ១៩ ត្រង់កំបូលទៅជិតគីឡូម៉ែត្រ១៥០ ដោយនឹង ត្រូវបើកការដ្ឋានក្រោយចប់រដូវវស្សា។ ចំពោះផ្នែកទី៤ គឺកំពុងតែដាក់ដេញថ្លៃ ។ សម្រាប់ផ្នែកទី៥វិញ ដែលមានប្រវែងប្រហែល ២៨គីឡូម៉ែត្ររហូតដល់ក្រុងព្រះសីហនុ បានបើកការដ្ឋាន កាលពីពេលថ្មីៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង