ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្ត យោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ។
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និង បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន០៣ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ បុគ្គលិក-កម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd និងក្រុមហ៊ុន Cintri/Everbright មួយចំនួន ត្រូវបានឈប់សម្រាកពីការងារ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត់នៅតាមបណ្តាខេត្តនានា ជាហេតុធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ចូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ មានភាពរអាក់រអួល មិនបានពេញលេញដូចថ្ងៃធម្មតានោះទេ។
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋ និងកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១៕