ភ្នំពេញ៖ កម្ពុជា បាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ហើយបន្តទៅមុខទៀតនឹងទទួលឥទ្ធិពលផ្សេងៗថែមទៀត។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះ ធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឱ្យកើតមានជាជំនន់ទឹកភ្លៀង ហើយទឹកនេះ នឹងបន្តហូរធ្លាក់ទៅខេត្តកំពង់ធំ តាមរយៈស្ទឹងសែន។ ការណ៍នេះ យោងតាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រតាមដងស្ទឹងសែន នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២១ ឃើញថា នៅស្ថានីយស្ពានដូនម៉ា-ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់ ១៣,៥៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,៣៤ ម៉ែត្រ។ នៅស្ថានីយសណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៨,២៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ០,១០ម៉ែត្រ។ នៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ម៉ែត្រ ទឹកនៅនឹង។
យោងលើស្ថានភាពកម្ពស់ទឹកខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជន ពិសេសប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងសែន ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕