ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ស្តីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ និងដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី (New Normal) និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។
ក្រសួងការងារ បានលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ សម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។ ហើយការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩នេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាកពិន័យទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។
ក្រសួងបន្តថា កម្មករនិយោជិតដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ជាពិសេសពាក់ម៉ាស លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងពេល ធ្វើដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ៕