×

ករណីពុលស្រាស្លាប់ ៩នាក់នៅខេត្តកណ្តាល មន្ត្រីជំនាញ រកឃើញស្រាថ្នាំ និងស្រាស មានសារធាតុពុលមេតាណុល ២.៥%

កណ្តាល៖ ក្រោយពីទទួលបានព័ត៌មានស្តីពី ករណីពុលស្រាបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់ជាបន្តបន្ទាប់រហូតដល់ ៩នាក់ កាលពីសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះស្រាវជ្រាវករណីនោះ នៅស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យ និងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុ។

ក្នុងការត្រួតពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួមសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋមឃើញថា ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥ភាគរយ, ស្រាស មានសារធាតុមេតាណុល ២.៥ភាគរយ។ ចំណែកស្រាស ដែលទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ។

ទាក់ទងនឹងបញ្ហានេះ មកមន្ត្រី ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន និងដកយកគំរូមួយចំនួនយកទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលកាន់តែច្បាស់លាស់។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសម្រេចឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ករណីសង្ស័យពុលស្រាបណ្តាលឱ្យពលរដ្ឋស្លាប់ចំនួន ៩នាក់ និងសង្គ្រោះបន្ទាន់ ១នាក់ បានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដោយពួកគាត់បានទៅចូលរួមកំដរបុណ្យសពឈ្មោះ ម៉ន ងន អាយុ ៥១ឆ្នាំ ដោយក្នុងពិធីបុណ្យនោះមានការផឹកស្រា។

ក្រោយកើតមានករណីនោះ លោក ឈឿន សុចិត្រ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចស្រុកចុះទៅកាន់ទីតាំងលក់ស្រា និងយកស្រាទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីឱ្យដឹងពីមូលហេតុច្បាស់លាស់ ដើម្បីមានវិធានការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង