×

មេដឹកនាំ​សហជីពធំ​មួយ​នៅកម្ពុជា អំពាវនាវ​ដល់​អ្នករត់តាក់ស៊ី និង​រថយន្តក្រុង កុំ​តម្លើងថ្លៃ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ មេដឹកនាំសហជីពធំមួយនៅកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបន្តប្រកាន់ ឲ្យបានជាប់ជាប្រចាំនូវវិធានអនាម័យ៣កុំ៣ការពារ នៅក្នុងឱកាសធ្វើដំណើរទៅស្រុកកំណើត ចូលរួមពិធីសាសនា បុណ្យកាន់បិណ្ឌ និងបុណ្យ ភ្ជុំបិណ្ឌ ពីព្រោះ បើពុំមានកិច្ចការពារតាមវិធានអនាម័យ និងរក្សាគម្លាត ឲ្យបានត្រឹមត្រូវនោះទេ នៅក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អាចនឹងកើតមានហានីភ័យទ្រុងទ្រាយធំ កើតមានឡើងម្តងទៀត នៅក្នុងសហគមន៍ និងតាមរោងចក្រសហគ្រាស។

លោកឡុង សុផាត ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានអំពាវនាវដូច្នេះថា៖ នៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ លោកសូមអំពាវនាវបងប្អូនកម្មក កម្មការិនី មានឱកាសបានឈប់សំរាកទៅលេងស្រុកកំណើត តែងតែមានការកេងចំណេញឆ្លៀតឱកាសពីសំណាក់ក្រុមហ៊ុនឡានក្រុង និងតាក់ស៊ីមួយចំនួន តម្លើងថ្លៃសេវាកម្មដឹកជញ្ជូននារដូវបុណ្យភ្ជុំ ក៏ដូចជាបុណ្យចូលឆ្នាំសូមមេត្តា កុំតម្លើងថ្លៃ ចំពោះ សេវាដឹកជញ្ជូន ព្រោះពួកគាត់ មានជីវភាពខ្វះខាត នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោកឡុង សុផាត បានបញ្ជាក់ទៀតថា៖ សូមធ្វើការអំពាវនាវដល់តៃកុងឡានទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមរៀបចំនូវឧបករណ៍សំភារៈ ដូចជាម៉ាស អាកុល ជេល ដើម្បីការពារសុវត្ថិភាព ដល់អ្នករួមដំណើរជាមួយ រថយន្តរបស់ពួកគាត់ ត្រូវបាញ់អាកុល ចែកម៉ាស និងឬឲ្យជេលលាងដៃ មុននិងឡើងជិះរថយន្ត ដែលជាការចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី មានឱកាស ទៅធ្វើស្រុកកំណើត ដើម្បីចូលរួមពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយសាច់ញាតិ និងក្រុមគ្រួសារដោយផ្ទាល់ ដោយបន្តប្រកាន់ភ្ជាប់នូវវិធានអនាម័យ ៣កុំ ៣ការពារ ជាប់ជាប្រចាំ។

លោកស្រី ឱវណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមប្រជាពលរដ្ឋទាំងអស់ បន្តរក្សាអនាម័យការពារជំងឺកូវីដ១៩ ឲ្យបានល្អ ដើម្បីការពារ ការឆ្លងជំងឺកូវីដ១៩។

តំណាងកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ រាជធានីភ្នំពេញ នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ឆ្នាំ២០២១ នេះ បានអំពាវនាវដល់ក្រុមហ៊ុន រថយន្តក្រុង និងអ្នកបើកបររថយន្តឈ្នួល សូមកុំឆ្លៀតឱកាស តម្លើងថ្លៃសេវាដឹកជញ្ជូន ដែលប្រជាពលរដ្ឋ កម្មករកម្មការិនីធ្វើ ដំណើរទៅស្រុកកំណើត។ ពីព្រោះកម្មករខ្លះអត់មានមធ្យាបាយ ដូចជា រថយន្តម៉ូតូធ្វើដំណើរទៅស្រុក ត្រូវការជិះឡានឈ្នួល ដូច្នេះសូមកុំតម្លើងថ្លៃ។

កម្មការិនីសំណូមពរដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍កុំឲ្យក្រុមហ៊ុនឡានក្រុង និងអ្នករត់តាក់ស៊ីកុំតម្លើង ថ្លៃខ្ពស់ពេល កម្មករ កម្មការិនី ប្រជាពលរដ្ឋ អត់ មានលុយច្រើន ទៅស្រុកទេ សូមមានការយោគយល់ គឺសុំ ឲ្យរក្សាតម្លៃដូច ថ្ងៃធម្មតា។កម្មករបានត្អូញត្អែរថា នៅក្នុង អំឡុងឆ្លងរាលដាលជំងឺកូវីដ១៩នេះកម្មករ ពុំបានធ្វើការថែម ម៉ោងទេ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹង ពីការអនុញ្ញាតឲ្យកម្មករ កម្មការិនី បានឈប់សំរាក នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយរក្សាប្រាក់ខែធម្មតា៕

ដោយ៖ វង សុភ័ក្ត្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង