×

លោក Fumio Kishida ឡេីង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រីថ្មី​របស់​ជប៉ុន​ជាផ្លូវការ

ជប៉ុន៖ លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនជាផ្លូវការជំនួស លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដែលបានលាលែងពីតំណែងបន្ទាប់ពីកាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ។

លោក គីស៊ីដា អាយុ ៦៤ឆ្នាំ បានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសជប៉ុនកាលពីសប្តាហ៍មុន។

លោកនឹងប្រឈមមុខនឹងបញ្ហាលំបាកជាច្រើនរួមទាំងការស្ដារសេដ្ឋកិច្ចជប៉ុនឡេីងវិញក្រោយការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ និងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

គេក៏សង្ឃឹមផងដែរថា លោក លោក គីស៊ីដា នឹងជួយឱ្យគណបក្សរបស់គាត់ទទួលបានប្រជាប្រិយភាពឡើងវិញបន្ទាប់ពីគណបក្សនេះគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ។

សមាជិកគណៈរដ្ឋមន្រ្តីថ្មីក្រោមការដឹកនាំរបស់ លោក គីស៊ីដា នឹងបានត្រូវប្រកាសនៅល្ងាចថ្ងៃចន្ទនេះ។

លោក គីស៊ីដា ឥឡូវនេះ នឹងដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយមចូលរួមក្នុងការបោះឆ្នោតសកលដែលត្រូវប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក គីស៊ីដា ត្រូវបានគេរំពឹងថានឹងស្នេីសុំឲ្យរៀបចំការបោះឆ្នោតមុនកាលកំណត់ គឺនៅថ្ងៃទី៣១ ខែតុលា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង