កំពត៖ ក្រោយពីស្ថានភាពនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត បានថមថយ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ភ្ញៀវទេសចរបានទៅលេងកម្សាន្តតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្ត មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ភ្ញៀវទេសចរបានទៅសម្រាកកម្សាន្តនៅក្នុងខេត្តកំពត មានចំនួន ២៤.៧៣២ នាក់ កើនឡើងប្រមាណ ៧ភាគរ យ ធៀបនឹងសប្តាហ៍មុន។
មន្ទីរទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត បានវាយតម្លៃថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរ នឹងមានកំណើនច្រើន ព្រោះជារៀងរាល់ឆ្នាំខេត្តកំពត ជាគោលដៅទេសចរណ៍ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។ ការនេះមន្ទីរទេសចរណ៍ បានរៀបចំក្រុមការងាររបស់មន្ទីរ ចុះត្រួតពិនិត្យនៅតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្ត ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងវិធានសុវត្តិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល ព្រមទាំងការអនុវត្តសារាចរណែនាំប្រមុខរាជរដ្ឋាភិបាលផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតរបស់មន្ត្រីទេសចរណ៍នាពេលកន្លងមក នៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត ភ្ញៀវទេសចរភាគច្រើន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានជាង ៩០ភាគរយហើយ និងបានប្រកាន់ខ្ជាប់នូវវិធានសុវត្ថិភាពជានិច្ច ដោយមិនភ្លេចអាល់កុល ឬជែល និងវាស់កម្ដៅមុនពេលចូលក្នុងរមណីយដ្ឋាន ឬកន្លែងកម្សាន្ត និងមានការរក្សាគម្លាតសុវត្ថិភាពបានល្អ។
ចំណែកនៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានា បានរៀបចំនូវវិធានសុវត្ថិភាពដល់ភ្ញៀវទេសចរដូចគ្នា ដែលភ្ញៀវទេសចរទៅកម្សាន្តទាំងអស់មុនចូល ត្រូវបាញ់អាល់កុល និងវាស់កម្ដៅ ហើយបុគ្គលិក និងអ្នកដែលបម្រើការក្នុងរមណីយដ្ឋាន និងកន្លែងកម្សាន្ត តម្រូវឱ្យមានការពាក់ បង្ហាញបណ្ណចាក់វ៉ាក់សាំងគ្រប់ពេល ដើម្បីឱ្យភ្ញៀវទេសចរមានទំនុកចិត្តក្នុងការចូលលេងកម្សាន្ត។
ចំពោះការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្កើតក្រុមវេណប្រចាំបញ្ជាពិសេស ដើម្បីការពារសន្តិសុខជូនដល់ភ្ញៀវទេសចរ និងបានត្រៀមរួចជាស្រេចនូវកម្លាំងនគរបាលចរាចរណ៍ក្នុងការរៀបចំសម្រួលចរាចរណ៍ជូនដល់ភ្ញៀវដែលទៅកម្សាន្តក្នុងខេត្តកំពត នាឱកាសបុណ្យភ្ជុំបិណ្ឌ៕
អត្ថបទ៖ វង្ស សុធារម្យ