អត្ថបទ លោក ហ៊ន សុភ័ក្រ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្តកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលានេះ បានអំពាវនាវដល់ពលរដ្ឋសូមកុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់។
តាមរយៈសំណេរលើហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុ សែន បានលើកឡើងថា “ថ្ងៃ៦តុលា នេះ គឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាន នៅតាមទីវត្តអារាម។”
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា “អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។”
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះបងប្អូនដែលទៅកម្សាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ចិលឬអាល់កុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់៕