×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

អាជ្ញាធរ​រាជធានីភ្នំពេញ ផ្អាក​ជាបណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ឬអាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​ជំងឺកូវីដ-១៩ រយៈពេល៧ថ្ងៃ

ភ្នំពេញ៖ សាលារាធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធាន ការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះ អាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖
– គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើក ត្រូវបន្តធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
– អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន
– រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
– អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ
– ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទដំណើរការឡើងវិញនិងកាស៊ីណូ
– រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជូបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥ នាក់ លើកលែងតែក្នុងករណីដូចខាងក្រោម៖

– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា
– ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមាន សមត្ថ កិច្ច និងក្រោយពេលយកសំណាកសាក សពទៅវិភាគរកមេរោគកូវីដ១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
– ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ១៩ និងការចាក់វាំក់សាំងការពារជំងឺកូវីដ១៩
– ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
– ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី
– ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។

រដ្ឋបាលសាលារាជធានីភ្នំពេញ បញ្ជាក់ទៀតថា សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ និងការជួបជុំ ឬ ការ ប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣ នៃសេចក្ដី សម្រេចនេះ ត្រូវអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលសាលារាជធានីភ្នំពេញបាន
ប្រគល់ភារកិច្ចជូនគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និង មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសហការចុះត្រួតពិនិត្យ និងអនុវត្តវិធាន ការរដ្ឋបាល ដូចមាន ចែងក្នុងខ្លឹមសារនៃសេចក្ដីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ក្នុងករណីរកឃើញថាបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្ម រដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ៕

 

ដោយ៖ វង សុភ័ក្ត្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង