×

រយៈពេល​២ថ្ងៃ ភ្ញៀវទេសចរ​ជិត ៧ម៉ឺននាក់ បាន​ទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្តកំពត

កំពត៖ រយៈពេល២ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពត ទទួលបានភ្ញៀវទេសចរទៅសម្រាកកម្រាន្តចំនួន ៦៧.២០៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៦៦.៦១២នាក់ ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ៥៩១នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តកំពត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ភ្ញៀវទេសចរដែលធ្វើដំណើរមកសម្រាកកម្សាន្តនាឱកាសភ្ជុំបិណ្ឌក្នុងឆ្នាំ២០២១ មានការកើនឡើងជាងឆ្នាំ២០២០ ដោយនៅថ្ងៃទី១ ភ្ញៀវទេសចរណ៍មានចំនួន ៣០.៤៥៥នាក់ កើនឡើងប្រមាណ ៥៩,៩០ភាគរយ ធៀបនឹងថ្ងៃទី១ នៃបុណ្យភ្ជំបិណ្ឌ ឆ្នាំ២០២០ ហើយថ្ងៃទី២ ភ្ញៀវទេសចរណ៍មានចំនួន ៣៦.៧៤៨នាក់ កើនឡើងប្រមាណ ៥២.៣៨ភាគរយ ធៀបនឹងថ្ងៃទី២ នៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០។ ចំពោះសេវាកម្មស្នាក់នៅក្នុងខេត្តកំពត ទាំងផ្ទះសំណាក់ សណ្ឋាគារ ត្រូវបានភ្ញៀវសម្រាកពេញទាំងអស់ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

លោកប្រធានមន្ទីរ បានបន្ថែមថា ចំពោះការអនុវត្តវិធានសុវតិ្តភាព និងសារាចរណ៍ណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ តាមការអង្កេតរបស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបានកត់សម្គាល់ឃើញថា ទាំងប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេចរបានអនុវត្តយ៉ាងល្អ ដោយប្រកាន់ភ្ជាប់នូវវិធានសុវត្តិភាព ៣កុំ ៣ការពារ។

ចំពោះផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញប្រតិបត្តិការណ៍ក្នុងការសម្រួលចរាចរណ៍នៅចំណុចស្ពានព្រែកកំពង់បាយ(ស្ពានថ្មី) ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍យូរ ក្នុងនោះក៏មានការចូលរួមពីកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងកំពតផងដែរ៕


អត្ថបទ៖ វង្ស សុធារម្យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង