×

ក្រុមហ៊ុន Netflix កែសម្រួល​លេខទូរសព្ទ​សំខាន់ៗ​ក្នុងរឿង Squid Game

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Netflix និយាយថា ខ្លួននឹងកែសម្រួលលេខទូរសព្ទដែលលេចចេញនៅក្នុងស៊េរីរឿង Squid Game បន្ទាប់ពីស្ត្រីម្នាក់ត្អូញត្អែរថា គាត់ត្រូវបានលេខប្លែកៗហៅចូលទៅក្នុងទូរសព្ទដៃរបស់គាត់។

ស្ត្រីរូបនេះ បាននិយាយថា លេខទូរសព្ទក្នុងរឿងនេះ ដូចគ្នានឹងលេខទូរសព្ទរបស់គាត់ ហើយគាត់បានទទួលការហៅចូលដើម្បីស្នើសុំលេងហ្គេម។ Squid Game កំពុងក្លាយជាស៊េរីមួយក្នុងចំណោមស៊េរីដែលត្រូវបានគេមើលច្រើនបំផុតនៅលើ Netflix ។

ស្ត្រីជំនួញម្នាក់ដែលរស់នៅទីក្រុង Seongju ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងបានទទួលសាររាប់ពាន់។ គាត់បានប្រាប់ថា៖ “នេះគឺជាលេខដែលខ្ញុំបានប្រើអស់ជាង ១០ ឆ្នាំមកហើយ ដូច្នេះខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មានលេខជាង ៤.០០០ ដែលខ្ញុំបានលុបចេញពីទូរសព្ទរបស់ខ្ញុំ”។

“ដំបូងខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីទេ ប៉ុន្តែមិត្តរបស់ខ្ញុំប្រាប់ខ្ញុំថា លេខរបស់ខ្ញុំចេញនៅក្នុង Squid Game ហើយនោះជាពេលដែលខ្ញុំបានដឹង”។ សេចក្ដីរាយការណ៍បានឱ្យដឹងថា ស្ត្រីរូបនោះ បានបដិសេធការផ្តល់សំណងរហូតដល់ ៥ លានវ៉ុន (៤.១៧៨ ដុល្លារ) ពីក្រុមហ៊ុន Netflix ។ ក្រុមហ៊ុនអាមេរិកនេះ មិនបានធ្វើអត្ថាធិប្បាយអំពីការទាមទារសំណងនោះទេ។

ក្រុមហ៊ុន Netflix បាននិយាយកាលពីថ្ងៃពុធថា៖ “ក្រុមហ៊ុនយើងកំពុងធ្វើការដោះស្រាយបញ្ហានេះរួមទាំងការកែសម្រួលឈុតឆាកជាមួយលេខទូរសព្ទក្នុងករណីចាំបាច់”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង