កូរ៉េខាងត្បូង៖ រឿង Squid Game កំពុងធ្វើឱ្យកក្រើកនៅតាមបណ្តាប្រទេសជាច្រើន រួមទាំងបានអុកឡុកលើ Netflix ខ្លាំងផងដែរ ដោយសន្ទុះនៃអ្នកចូលទស្សនាមានកើនឡើងខ្លាំងស្ទើរមិនគួរឱ្យជឿ។ Squid Game បានផលិតឡើងដោយមានចំនួនអ្នកចូលរួមលេងហ្គេម ៤៥៦នាក់ដើម្បីដណ្តើមប្រាក់រង្វាន់មហាសាល ប៉ុន្តែបើនរណាចាញ់ នោះនឹងត្រូវបាត់បង់ជីវិតមិនខាន។
ភាពយន្តមួយនេះមានការគាំទ្រខ្ពស់លើសពីការរំពឹងទុក ប៉ុន្តែបើក្រលេកមើលម្ចាស់ស្នាដៃលោក Hwang Dong Hyuk វិញបានឱ្យដឹងថា ទម្រាំតែសមិទ្ធផលមួយនេះបានទទួលជោគជ័យដូចសព្វថ្ងៃលោកត្រូវបានគេបដិសេធស្នាដៃអស់រយៈពេល១០ឆ្នាំក្រោមហេតុផល គំនិតចម្លែកក្នុងសាច់រឿង។
ទីបំផុត រយៈពេល១២ឆ្នាំបានកន្លងផុតទៅ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ដោយសារការខិតខំប្រឹងប្រែងកន្លងមកបានចេញជាលទ្ធផលគួរជាទីគាប់ចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនបានយកលោកធ្វើជានិមិត្តរូបដោយមិនព្រមចុះចាញ់ក្នុងការបន្តក្តីសុបិនរបស់ខ្លួនឱ្យលេចចេញជារូបរាងឡើយ បើទោះជាត្រូវចំណាយពេលយូរក៏ដោយ៕