×

ពលរដ្ឋ​នៅ​សិង្ហបុរី ជ្រើសរើស​វ៉ាក់សាំង​ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ជា​ដូសជំរុញ​នៅតាម​គ្លីនិកឯកជន

សិង្ហបុរី៖ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) បានក្លាយជាតម្រូវការរបស់ប្រជាពលរដ្ឋសិង្ហបុរី សម្រាប់ការចាក់ដូសទី៣ ឬដូសជំរុញ ខណៈពួកគេមានការបារម្ភពីផលរំខាននៃវ៉ាក់សាំង mRNA (Pfizer ឬ Moderna)។

វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ប្រើប្រាស់ភាគល្អិតនៃមេរោគអសកម្មដើម្បីបង្រៀនប្រព័ន្ធការពាររាងកាយរបស់មនុស្ស ដើម្បីបង្កើតអង្គបដិប្រាណ។

វេជ្ជបណ្ឌិត Chua Guan Kiat នៅគ្លីនិក Chua បានប្រាប់សារព័ត៌មាន The Straits Times ថា រហូតមកដល់ពេលនេះ មានតម្រូវការយ៉ាងខ្លាំងចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដើម្បីប្រើប្រាស់ជាដូសជំរុញ។

លោកស្រី Michelle Lim ប្រធានផ្នែកប្រតិបត្តិការនៃសេវាថែទាំសុខភាពរ៉ូយ៉ាល់ បានប្រាប់ថា គ្លីនិករបស់លោកស្រី បានផ្ដល់ការចាក់វ៉ាក់សាំងជូនមនុស្សជាង ១.០០០ នាក់រហូតមកទល់ពេលនេះ។ លោកស្រីបានកត់សម្គាល់ថា ក្រុមហ៊ុនមួយចំនួន នៅផ្នែកសំណង់ និងផ្សារទំនើប ក៏បានរៀបចំជាមួយនឹងគ្លីនិក ដើម្បីឱ្យបុគ្គលិករបស់ពួកគេធ្វើការចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ជាដូសជំរុញ។

លោកស្រីបន្តថា អ្នកដែលបានជ្រើសរើសវ៉ាក់សាំងស៊ីណូហ្វាមជាដូសជំរុញ បានរៀបរាប់ពីផលរំខានដែលបង្កដោយវ៉ាក់សាំង ប្រភេទ mRNA ពោលគឺវ៉ាក់សាំង Pfizer ហើយការចាក់វ៉ាក់សាំងចិន អាចនឹងផ្ដល់ផលរំខានតិចតួចប៉ុណ្ណោះ។

ម្យ៉ាងទៀត លោកស្រីបន្ថែមទៀតថា រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក មិនណែនាំឱ្យចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ សម្រាប់អ្នកដែលមានអាយុក្រោម ៦៥ឆ្នាំទេ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង