ថៃ៖ នៅប្រទេសថៃ សហគមន៍តាមដងទន្លេចៅប្រាយ៉ា ត្រូវបានញាំញីដោយទឹកជំនន់ ដោយសារជំនោរ បានធ្វើឱ្យកម្ពស់ទឹកនៅទន្លេចៅប្រាយ៉ា កើនឡើង។ អាជ្ញាធរទីក្រុងណុនថាបូរី និងខេត្តប៉ាធុមថានី បានព្រមានពីគ្រោះទឹកជំនន់ដែលអាចកើតឡើងម្តងទៀត។
អាជ្ញាធរថៃ បានឱ្យដឹងថា ទន្លេចៅប្រាយ៉ា ទំនងជានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតប្រចាំឆ្នាំ ដោយជំនន់ទឹកភ្លៀង នាពេលបច្ចុប្បន្ននេះ បាននាំមកនូវការជន់លិចនៅតាមសង្កាត់មួយចំនួននៅតាមដងទន្លេ។
នៅខេត្តប៉ាភុមថានី ទឹកជំនន់ បានបង្កផលប៉ះពាល់ដល់សង្កាត់មួយចំនួន អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដោយប្រជាពលរដ្ឋ បានយកវត្ថុមានតម្លៃរបស់ពួកគេទៅកាន់ទីកន្លែងខ្ពស់ៗ។
អាជ្ញាធរថៃ បន្តថា ទឹកនឹងត្រូវបានបង្ហូរចេញពីទំនប់មួយកន្លែងនៅលើទន្លេចៅប្រាយ៉ា ដែលអាចធ្វើឱ្យតំបន់ទំនាប នៅក្នុងខេត្តរ៉ាក់បូរី និងខេត្តសាមុតសុងក្រាម ប្រឈមនឹងគ្រោះទឹកជំនន់បន្ថែមទៀត។ ការិយាល័យធារាសាស្ដ្របានព្រមានប្រជាពលរដ្ឋនៅតំបន់នោះ ឱ្យត្រៀមខ្លួនចំពោះការអាចកើតមាននៃទឹកជំនន់៕