×

រដ្ឋបាលខេត្តកណ្ដាល អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ពី​ទឹកជំនន់ និងត្រៀម​លក្ខណៈ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព

កណ្ដាល៖ ទោះបីជាស្ថានភាពទឹកនាពេលនេះ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្នយ៉ាងណាក្តី ក៏រដ្ឋបាលខេត្តកណ្ដាល បានស្នើដល់មន្រ្តីជំនាញ ដែលប្រចាំការនៅតំបន់ទ្វារទឹកសំខាន់ៗ ជាពិសេសនៅទំនប់ទ្វារទឹក៧មករា បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីស្ថានភាពទឹកមានការកើនឡើងខុសប្រក្រតី។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងដូច្នេះ នៅក្នុងការចុះពិនិត្យស្ថានភាពទឹក នៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកអភិបាលខេត្តកណ្ដាលបានស្នើដល់កងកម្លាំង និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរក្រុង ស្រុកដែលនឹងជួបបញ្ហាប្រឈមនេះ និងធ្លាប់រងគ្រោះដោយជំនន់ទឹកភ្លៀងនាឆ្នាំមុនថ្មីៗនេះ សហការគ្នាឱ្យបានស្អិតរមួតត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ក្នុងការទប់ស្កាត់ បញ្ចៀស រំដោះចរន្តលំហូរទឹក និងត្រៀមលក្ខណៈក្នុងជម្លៀសប្រជាពលរដ្ឋ សង្គ្រោះប្រជាពលរដ្ឋ សត្វពាហនៈ ទៅកាន់ទីទួលសុវត្ថិភាព ត្រៀមថ្នាំសង្កូវ ស្បៀងអាហារ សម្ភារបរិក្ខារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីស្ថានភាពអាកាសធាតុ មានការប្រែប្រួលដោយយថាហេតុ ធ្វើយ៉ាងណាមិនត្រូវឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋម្នាក់ជាដាច់ខាត។

ផ្អែកតាមរបាយការណ៍របស់មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពទឹកក្នុងឆ្នាំនេះ មិនទាន់មានបញ្ហាប្រឈមនៅឡើយទេ ជាក់ស្តែងស្ថានភាពកម្ពស់ទឹក នៅទំនប់៧មករា គឺនៅផ្នែកខាងក្រោយទំនប់ មានកម្ពស់ ៧,៩០ ម៉ែត្រ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្ន គឺ ៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកឆ្នាំមុន នៅថ្ងៃទី១២ ខែតុលា ២០២០ កម្ពស់ទឹកខាងក្រោយទំនប់មានកម្ពស់ ៩,២០ ម៉ែត្រ ដែលបានបណ្តាលឱ្យលិចលង់ភូមិសាស្ត្រមួយចំនួនរបស់រាជធានីភ្នំពេញ មានដូចជា ខណ្ឌកំបូល និងខណ្ឌដង្កោ ភូមិសាស្ត្រខេត្តកណ្តាល មានដូចជាស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ។

លោកអភិបាលខេត្តកណ្ដាល បានបន្តថា ស្ថានភាពទឹកតាមបណ្តោយស្ទឹងព្រែកត្នោត មានការស្រកចុះ ជាបន្តបន្ទាប់ប្រហែល ២តឹក រីឯស្ថានភាពទឹកនៅក្រុងតាខ្មៅមានសភាព ប៉ាចរហាច ប៉ុន្តែមិនទាន់ដល់ស្ថានភាពធ្ងន់ធ្ងរទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង